ស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្ត បណ្តាលឲ្យដួលត្រូវរថយន្តមួយគ្រឿងទៀតកិនពីលើពេញទំហឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤

ទំព័រដើម​ /សន្តិសុខសង្គម
420 395

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បុរស២នាក់ ជិះម៉ូតូចេញពីផឹកស៊ី បំណងទៅផ្ទះមិត្តភក្ដិ មិនប្រយ័ត្នក៏ទៅបុកកន្ទុយរថយន្តកុងតឺន័រ បណ្តាលឲ្យដួល ក៏ត្រូវរថយន្តឡិចស៊ីស បើកមកកិនពីលើ ស្លាប់ម្នាក់ និង របួសធ្ងន់ម្នាក់។

ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង ១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅមុខវត្តអរុណវតី សង្កាត់កន្ទោក ខណ្ឌកំបូល ។

សពជនរងគ្រោះឈ្មោះ ផាន ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅម្ដុំ ជ្រៃកោង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកឌុប ជិះម៉ូតូម៉ាក ហុងដា ឌ្រីមC125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាក លេខ ភ្នំពេញ 1GW.2465 ។ ចំណែកអ្នករួមដំណើរ រងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង រួមដំណើរដោយបុរសម្នាក់ទៀត បានធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿង មិនចាំស្លាកលេខបើក តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើត ហើយបត់ឆ្លងផ្លូវមកខាងឆ្វេងដៃ ចូលតាមខ្លោងទ្វារវត្តអរុណវតី ក៏ត្រូវម៉ូតូខាងលើ បុកកន្ទុយរថយន្ត បណ្តាលឲ្យដួលវ ភ្លាមៗនោះក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកឡិចស៊ីស មិនចាំស្លាកលេខ ទិសដៅពីលិចមកកើតកិនពីលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយ ដឹកទៅសង្រ្គោះភ្លាមៗ ។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង បានបើករត់បាត់ស្រមោលពីកន្លែងកើតហេតុ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ ត្រួតពិនិត្យ រួចទំនាក់ទំនងហៅសាច់ញាតិ ដើម្បីឲ្យមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

 

Website design by TVFB