តារាចម្រៀង​K-POP​ម្នាក់ទៀតហើយ​! ប៉ូលិស​រកឃើញសាកសព​Goo Hara​អតីតសមាជិកនៃក្រុម​Kara នៅក្នុងផ្ទះរបស់នាង​

ទំព័រដើម​ /តារា
559 510

​បរទេស៖ តារា K-POP មួយរូបដែលជាអតីតសមាជិកនៃក្រុមចម្រៀងល្បី Kara ត្រូវបានប៉ូលិសកូរ៉េខាងត្បូងរកឃើញ ដេកស្លាប់នៅក្នុងផ្ទះរបស់នាងនៅថ្ងៃអាទិត្យនេះ ហើយវាជារឿងរ៉ាវដ៏កក្រើកថ្មីមួយទៀត បន្ទាប់ពីតារា K-POP នាង ស៊ូលី (Sulli) អតីតតារាចម្រៀងក្រុម FX ដែលបានធ្វើអត្តឃាតកាលពីខែមុន។

នេះបើតាមការចេញផ្សាយ​ពីសារព័ត៌មាន CNA នាយប់ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

អតីតសមាជិកក្រុមចម្រៀងស្រី Kara ខាងលើនេះមានឈ្មោះថា Goo Hara អាយុ ២៨ឆ្នាំ ត្រូវបានប៉ូលិសរកឃើញសាកសពនៅក្នុងផ្ទះរបស់នាង នាវេលាម៉ោង ៦៖០០នាទីល្ងាចថ្ងៃអាទិត្យ ស្ថិតនៅតំបន់ Cheongdam ជាយទីក្រុងសេអ៊ូល។ មិនទាន់មានការបញ្ជាក់អំពីមូលហេតុ ដែលនាំឲ្យតារាស្រីរូបនេះបាត់បង់ជីវិតឡើយ ដោយប៉ូលិសកូរ៉េខាងត្បូងកំពុងធ្វើការស៊ើបអង្កេត។

គួរបញ្ជាក់ថា នាង Goo Hara ក៏ត្រូវបានសារព័ត៌មានចុះផ្សាយផងដែរថា ធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងកាលពី ០៦ខែមុន ហើយរយៈពេលពីរសប្តាហ៍កន្លងទៅនេះ នាងបានរៀបចំកម្មវិធីតន្ត្រីទេសចរមួយ ដើម្បីអបអរការត្រឡប់ចូលសិល្បៈវិញថែមទៀតផង។ កាលពីខែតុលា កន្លងទៅថ្មីៗនេះ តារាចម្រៀង និងសម្តែងដ៏ល្បីគឺនាង Sulli បានធ្វើអត្តឃាតដោយសារជំងឺផ្លូវចិត្តក្នុងវ័យ ២៥ឆ្នាំ ដែលបានធ្វើឲ្យកក្រើកពិភពសិល្បៈនៅកូរ៉េខាងត្បូងយ៉ាងខ្លាំង មិនទាន់ទាំងស្ងប់ស្ងាត់ស្រួលបួលផង៕

ប្រភព៖ CNA 

Website design by TVFB